ករណីបាញ់ប្រហារប្តីបាញ់ ប្រពន្ធ និងបាញ់ខ្លួនឯងតាមក្រោយ បណ្តាលឱ្យស្លាប់ចំនួន ២នាក់ នៅស្រុកកំពង់ត្រាច ខេត្តកំពត់

ខេត្តកំពត់៖ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានហេតុការណ៍អំពើឃាតកម្ម និងអត្តឃាតដ៏រន្ធត់មួយបានកើតឡើង ដោយបុរសជាប្តីបានបើករថយន្តម៉ាកព្រូស (Prius) មកឈប់នៅផ្ទះ រួចដកកាំភ្លើងបាញ់ប្រពន្ធជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

១. អត្តសញ្ញាណជនរងគ្រោះ
ប្រពន្ធ (ជនរងគ្រោះទី១)៖ ឈ្មោះ ភូផេង ស្រី អាយុ ២៣ឆ្នាំ។

ប្តី (ជនបង្ក)៖ ឈ្មោះ ម៉ាលី ចាន់តូ អាយុ ២៧ឆ្នាំ។
ទីតាំងកើតហេតុ៖ ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត់។

២. សាវតារ និងមូលហេតុបឋម
យោងតាមប្រភពព័ត៌មានពីគ្រួសារ និងសាច់ញាតិបានឱ្យដឹងថា ប្តីប្រពន្ធទាំងពីរនាក់នេះបានរៀបការជាមួយគ្នា ប៉ុន្តែពុំទាន់មានកូននៅឡើយទេ។ កន្លងមក ពួកគាត់តែងតែមានទំនាស់ និងខ្វែងគំនិតគ្នារហូតដល់មានការប្តឹងផ្តល់គ្នាទៅកាន់តុលាការដើម្បីលែងលះ។ ទោះបីជាយ៉ាងណា ការបំពេញបែបបទលែងលះគ្នានៅមិនទាន់ដាច់ស្រេចនៅឡើយទេ ទើបបង្កជាគំនុំគំគួនក្នុងចិត្ត។
នៅថ្ងៃកើតហេតុ ជនបង្កបានបើករថយន្តម៉ាកព្រូសមកដល់មុខផ្ទះ គ្រាន់តែចុះពីលើរថយន្តភ្លាម ក៏បានកាន់កាំភ្លើង (ប្រភេទ AK ៥៩ ) ចូលមកបាញ់ប្រពន្ធ។ ពេលនោះ ជនរងគ្រោះជាប្រពន្ធបានរត់គេច និងស្រែកហៅគេឱ្យជួយ ប៉ុន្តែដោយសារភាពភ័យខ្លាច គ្មានអ្នកណាហានចូលជួយទាន់ពេលនោះទេ។ ជនបង្កបានដេញតាមបាញ់រហូតដល់ក្នុងផ្ទះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័ម រួចហើយទើបជនបង្កបាញ់សម្លាប់ខ្លួនឯងដើម្បីគេចវេសពីទោសកំហុស។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រាចកំពុងបន្តធ្វើការសាកសួរឪពុកម្តាយ និងសាច់ញាតិជនរងគ្រោះ ដើម្បីស្រាវជ្រាវរកមូលហេតុពិស្តារបន្ថែមទៀត។

ការអំពាវនាវ និងវិធានការបង្ការ៖ បង្កើនការប្រុងប្រយ័ត្ន និងការត្រួតពិនិត្យអាវុធខុសច្បាប់
ករណីបាញ់ប្រហារដ៏សោកសង្វេកខាងលើនេះ គឺជាការជូនដំណឹងដ៏ក្រៀមក្រំមួយទៀតអំពីផលវិបាកនៃការប្រើប្រាស់អំពើហិង្សា ការដោះស្រាយបញ្ហាដោយកំហឹង និងជាពិសេស គ្រោះថ្នាក់នៃការកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងសង្គម។
ទាក់ទងនឹងបញ្ហានេះ មតិមហាជន សូមសំណូមពរដូចខាងក្រោម៖ សូមដោះស្រាយបញ្ហាដោយសន្តិវិធី គ្រប់បញ្ហាក្នុងគ្រួសារ ឬទំនាស់ផ្លូវច្បាប់ផ្សេងៗ គួរណាដោះស្រាយដោយស្ងប់ចិត្ត ប្រើប្រាស់ផ្លូវច្បាប់ ឬការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច ជាជាងការប្រើប្រាស់អំពើហិង្សាដែលនាំឱ្យបាត់បង់អាយុជីវិត និងបំផ្លាញអនាគតគ្រួសារទាំងមូល។

មតិមហាជនដដែល សំណូមពរដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់៖ ដើម្បីទប់ស្កាត់មិនឱ្យមានហេតុការណ៍សោកសង្វេកបែបនេះកើតឡើងជាថ្មី សូមសំណូមពរដល់ សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាបង្កើនកិច្ចប្រតិបត្តិការ ធ្វើរដ្ឋបាលចំហ ឆែកឆេរ និងស្រាវជ្រាវរកអាវុធខុសច្បាប់ជាប្រចាំរៀងរាល់យប់។

មតិមហាជនដដែល បានសង្កត់ធ្ងន់ថា៖ ការពង្រឹងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពការរឹតបន្តឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀននៅក្នុងមូលដ្ឋាន គឺជាកត្តាស្នូលក្នុងការធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសព្រៃផ្សៃផ្សេងៗកុំឱ្យកើតមានឡើងក្នុងសហគមន៍៕ ដោយ លោកស្រី ផាត់ គន្ធា