រដ្ឋាភិបាលខេត្តកំពង់ធំជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ពង្រឹងការថែរក្សាសន្តិសុខសណ្តាប់ធ្នាបឲ្យបានល្អដល់ប្រជាពលរដ្ឋក្នុងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត

( កំពង់ធំ) ÷ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ពង្រឹងការថែរក្សាសន្តិសុខសណ្តាប់ធ្នាបឲ្យបានល្អដល់ប្រជាពលរដ្ឋក្នុងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត។ ឯកឧត្តមលើកឡើងដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី” កិច្ចសហការនិងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ” ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ។

ឯកឧត្តម អ៊ុន បុត្ត មានប្រសាសន៍ថា កិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈមានសារៈសំខាន់ណាស់ សំរាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់មូលដ្ឋាន ដើម្បីឲ្យពួកគាត់អាចទៅពិនិត្យបញ្ជីឈ្មោះ នឹងចុះឈ្មោះបោះឆ្នោតនៅតំបន់និងការិយាល័យរបស់ខ្លួន។

ឯកឧត្តមបន្ថែមទៀតថាអាជ្ញាធរគ្រប់មូលដ្ឋាន តំបន់គោលដៅទាំងអស់មិនត្រូវមើលស្រាល ឬក៏ធ្វេសប្រហែសបានឡើយ ពីព្រោះយើងមិនអាចដឹងថាមានអ្វីមួយកើតឡើងនោះទេ សំខាន់ជាងគេនោះគឺបុស្តិ៍រដ្ឋបាលផ្ទាល់តែម្តងដែលត្រូវទទួលខុសត្រូវខ្ពស់ ព្រមទាំងរាយការណ៍ពីស្ថានភាពជាក់ស្តែងនូវបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នេះជាប្រចាំទៀតផង។

ឯកឧត្តមបានផ្តល់នូវចំណុចសំខាន់៤ចំណុចដូចខាងក្រោម÷
១. ជម្រុញនឹងផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋឲ្យមកពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឲ្យបានទាន់ពេលវេលា
២. ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋឲ្យបានលឿន
៣. គ្រប់ប៉ុស្តិ៍បន្តធ្វើការងារជាមួយ ល.ខ.ប ដោយការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អ
៤. ជំរុញនឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកលេងស្រុក ក្នុងថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ ដើម្បីឲ្យក្រុមការងារ ល.ខ.ប ចុះធ្វើការក្នុងមូលដ្ឋាន ហើយពួកគេមានពេលវេលាមកពិនិត្យនឹងចុះឈ្មោះបោះឆ្នោត។

ឯកឧត្តមសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការគ្នាដោយយកចិត្តទុកដាក់និង អនុវត្តន៍កិច្ចការនេះដោយការទទួលខុសត្រូវខ្ពស់៕