កងរាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបករណីគ្រឿងញៀន ២ទីតាំង ឃាត់ខ្លួនជនសង្ស័យ៧នាក់ និងដកហូតវត្ថុតាងមួយចំនួន

(កំពង់ធំ)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ២ទីតាំងផ្សេងគ្នា ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ផៃ តុងហួរ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកអនុសេនីយ៍ទោ ជា គឹមលេង នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដោយប្រើប្រាស់កម្លាំងចំនួន៦នាក់ រថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង ចុះបង្ក្រាបនៅចំណុចភូមិកំពង់រទេះ សង្កាត់កំពង់រទេះ និងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានស្ត្រី១នាក់ និងបុរស៦នាក់ ដែលមានអាយុចាប់ពី២៣ឆ្នាំ ដល់៤៣ឆ្នាំ។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៥កញ្ចប់តូច ទម្ងន់សរុប២,៨៨ក្រាម ដោយថ្លឹងទាំងសំបកថង់ ម៉ូតូចំនួន២គ្រឿង ទូរស័ព្ទដៃចំនួន៦គ្រឿង ដែកកេះចំនួន៤ ប្រាក់រៀលចំនួន២៥.៧០០រៀល និងសម្ភារប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់។ អត្ថបទ កងរាជអាវុធហត្ថខេត្តកំពង់ធំ