ខេត្តកោះកុង៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦នេះ ស្ថាប័នអធិការកិច្ច និងអាជ្ញាធរមានសមត្ថកិច្ចខេត្តកោះកុង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះត្រួតពិនិត្យ និងបិទបាំងឃាំងជាបន្ទាន់នូវទីតាំងអចលនទ្រព្យមួយកន្លែង ដែលជាផ្ទះផ្ទាល់ខ្លួនរបស់លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ស្ថិតនៅភូមិថ្មី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយពីមានការរកឃើញនូវភាពមិនប្រក្រតី និងបទល្មើសនៃការអនុញ្ញាតឱ្យជនបរទេសចូលមកស្នាក់នៅ និងប្រកបសកម្មភាពខុសច្បាប់។
យោងតាមប្រភពព័ត៌មានពីមន្ត្រីអនុវត្តច្បាប់បានឱ្យដឹងថា ប្រតិបត្តិការចុះស្រាវជ្រាវ និងបិទបាំងផ្ទះខាងលើនេះ ដឹកនាំផ្ទាល់ដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង សហការជាមួយលោកស្នងការនគរបាលខេត្តកោះកុង ព្រមទាំងមានការចូលរួមពីសំណាក់ គណៈអភិបាលស្រុកមណ្ឌលសីមា និងមេភូមិថ្មី។ ការចុះអន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹង និងការស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីសមត្ថកិច្ចជំនាញ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណង់ និងការដាក់ឱ្យជនបរទេសជួលស្នាក់នៅដោយគ្មានការសុំច្បាប់អនុញ្ញាត ឬត្រួតពិនិត្យត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់អន្តោប្រវេសន៍ និងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា លោក ហាក់ ឡេង ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ និងជាអភិបាលរងខេត្ត ដែលមានភារកិច្ចស្របច្បាប់ក្នុងការលើកកម្ពស់ការអនុវត្តច្បាប់ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បែរជាត្រូវបានរកឃើញថាបានយកផ្ទះរបស់ខ្លួននៅភូមិថ្មី ស្រុកមណ្ឌលសីមា ឱ្យជនបរទេសជួលស្នាក់នៅ ដែលសកម្មភាពនេះមិនត្រឹមតែបំពានលើបទប្បញ្ញត្តិនៃការគ្រប់គ្រងជនបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានផងដែរ។
បច្ចុប្បន្ន ទីតាំងផ្ទះត្រូវបានសមត្ថកិច្ចដាក់របាំងបិទផ្អាកដំណើរការជាបណ្តោះអាសន្ន និងកំពុងបន្តស្រាវជ្រាវប្រមូលភស្តុតាងបន្ថែម ដើម្បីចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង ដោយគ្មានការលើកលែងឡើយ ទោះបីជាម្ចាស់ផ្ទះជាមន្ត្រីមានអំណាចថ្នាក់ខេត្តក៏ដោយ ដើម្បីធានាបាននូវភាពស្មើគ្នាចំពោះមុខច្បាប់ និងការពង្រឹងអធិបតេយ្យភាពសន្តិសុខជាតិ៕ដោយ កៅ វង








































