កូរ៉េខាងត្បូង និងជប៉ុន ចល័តយន្ដហោះចម្បាំង ក្រោយយន្ដហោះយោធារុស្ស៉ីហោះក្រវែលដែនអាកាស

(សេអ៊ូល)៖ កូរ៉េខាងត្បូងបាន​​ឱ្យដឹងថាខ្លួនបានចល័តយន្ដហោះចម្បាំង និងបានចាត់វិធានការជាក់ស្ដែងដើម្បីត្រៀមទប់ទល់នឹងស្ថានការណ៍អាសន្ន បន្ទាប់ពីយន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿងហោះចូលក្នុងដែនកំណត់អត្តសញ្ញាការពារដែនអាកាស នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង យន្ដហោះយោធាជាច្រើនគ្រឿងបានហោះចូល និងក្រោយមកបានហោះចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ KADIZ នៅពីលើសមទ្រខាងកើត ឬសមុទ្រជប៉ុន នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ។ «យោធារបស់យើងបានចាប់សញ្ញាយន្ដហោះយោធារុស្ស៉ី នៅមុនយន្ដហោះទាំងនោះហោះចូលក្នុងតំបន់ KADIZ ហើយយើងបានដាក់ពង្រាយយន្ដហោះចម្បាំង និងចាត់វិធានការជាក់ស្ដែងដើម្បីត្រៀមលក្ខណៈទប់ទល់នឹងស្ថានការណ៍អាសន្នណាមួយ»។ នេះជាការគូសបញ្ជាក់របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង។

ព្រមពេលជាមួយខាង ក្រសួងការពារជាតិជប៉ុនឯណោះវិញ ក៏បានអះអាងព្រឹកថ្ងៃអង្គារនេះដែរពីការចល័តយន្ដហោះចម្បាំង បន្ទាប់ពីយន្ដហោះយោធារុស្ស៉ី២គ្រឿង បានហោះចូលក្នុងដែនអាកាសជប៉ុន នៅឯកោះ Okinoshima ក្នុងខេត្ត Fukuoka។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ខាងលើរបស់កូរ៉េខាងត្បូង និងជប៉ុន កើតមានឡើងចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំត្រីភាគីជាលើកដំបូង នាឱកាសចូលរួមកិច្ចប្រជុំ APEC ក្នុងប្រទេសចិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕