ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-បារាំងក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានអញ្ជើញទៅកាន់ស្តូបមិត្តភាពកម្ពុជា-បារាំង ដែលស្ថិតនៅក្បែរស្ថានទូតបារាំង ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងរំលឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។

ស្តូបមិត្តភាពកម្ពុជា-បារាំងនេះ ត្រូវបានគេស្គាល់ជាទូទៅថាជា ស្តូប «រូបពីរ» ឬជាភាសាបារាំងថា «Monument aux Morts» ដែលមានទីតាំងស្ថិតនៅខាងមុខស្ថានទូតបារាំង និងខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។

បើតាមប្រវត្តិសាស្ត្រ ស្តូប «រូបពីរ» ដើម ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩២៥ មកម្ល៉េះ នៅជិតស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងរំលឹកដល់វីរភាពរបស់យុទ្ធជនខ្មែរជាច្រើនរូប ដែលបានពលីជីវិតនៅក្នុងសមរភូមិនៃសង្គ្រាមលោកលើកទី១ នៅប្រទេសបារាំង។ ជាអកុសល ស្តូបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ ត្រូវបានបំផ្លិចបំផ្លាញឱ្យខូចខាតក្លាយជាបំណែក ដោយសារការដាក់គ្រាប់បំផ្ទុះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (សម័យខ្មែរក្រហម) កាលពីឆ្នាំ១៩៧៥។

ដើម្បីរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ និងពូនជ្រំចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ ស្តូប «រូបពីរ» តំណាងមិត្តភាពកម្ពុជា-បារាំង ត្រូវបានបើកការដ្ឋានសាងសង់ឡើងវិញជាផ្លូវការនៅទីតាំងដើមខាងមុខស្ថានទូតបារាំង ក្រោមអធិបតីភាព លោក អូលីវីយេ បេស (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង រួមជាមួយ លោក ជា សុផារ៉ា ដែលពេលនោះជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការកសាងឡើងវិញ គឺបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រទេសបារាំងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជួបពិភាក្សាជាមួយ លោកម៉ាក្រុង អំពីការសាងសង់ស្ថូបរូបពីរនេះឡើងវិញ។

ការអញ្ជើញគោរពវិញ្ញាណក្ខន្ធរបស់ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅទីតាំងស្តូបប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពនៃការដឹងគុណចំពោះការលះបង់របស់យុទ្ធជនខ្មែរក្នុងអតីតកាល និងបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងបារាំង ដែលកំពុងឈានចូលទំព័រសករាជថ្មី៕