ប្រធានាធិបតីអេក្វាទ័រច្រានចោល ការសង្ស័យអាមេរិកមានមូលដ្ឋានយោធានៅក្នុងប្រទេសរបស់ខ្លួន

(គីតូ)៖ ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa បានបដិសេធកាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ការសង្ស័យដែលថា សហរដ្ឋអាមេរិកមានមូលដ្ឋានយោធានៅក្នុងប្រទេសរបស់លោក បន្ទាប់ពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន AFP បានរកឃើញការដាក់ពង្រាយយន្តហោះអាមេរិកក្នុងចំនួនខុសពីធម្មតា នៅទីតាំងយោធាមួយក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។

ការស៊ើបអង្កេតដែលបានចេញផ្សាយកាលពីខែតុលា បានប្រមូលភស្តុតាងអំពីវត្តមានយន្តហោះ និងការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋានទ័ពអាកាស Taura ក្បែរទីក្រុងកំពង់ផែ Guayaquil។ ការពង្រីកទីតាំងយោធានេះ កើតមានឡើងមិនដល់មួយឆ្នាំនោះទេ បន្ទាប់ពីប្រជាជនអេក្វាទ័រ បានបោះឆ្នោតប្រជាមតិបដិសេធសំណើចង់អនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសរបស់ពួកគេ។

ការដាក់ពង្រាយខាងលើ បានបង្កឱ្យមានការចោទសួរអំពីភាពស្របច្បាប់នៃសកម្មភាពនេះ រួមទាំងក្នុងចំណោមមន្ត្រីជាន់ខ្ពស់យោធាអេក្វាទ័រផ្ទាល់។ កាលពីថ្ងៃអាទិត្យ លោក Noboa បាននិយាយថា បុគ្គលិកយោធាអាមេរិកនៅទីនោះ គឺគ្រាន់តែចូលរួមក្នុង «សកម្មភាពបណ្តោះអាសន្ន» ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរប៉ុណ្ណោះ។ AFP បានកំណត់ឃើញជើងហោះហើរយោធាអាមេរិកប្រមាណ ២០ជើង នៅមូលដ្ឋានទ័ពអាកាសខាងលើ ចាប់ចន្លោះពីខែមិថុនា ដល់ពាក់កណ្តាលខែតុលា ហើយក៏ទទួលបានឯកសារដែលបញ្ជាក់ពីវត្តមានកងទ័ពអាមេរិកនៅទីនោះផងដែរ។

គួរបញ្ជាក់ថា ទីក្រុងគីតូ និងទីក្រុងវ៉ាស៊ីនតោន ត្រូវគេដឹងថាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពជួញដូរគ្រឿងញៀនក្នុងតំបន់ ក៏ប៉ុន្តែវិសាលភាពនៃវត្តមានយោធាអាមេរិកនៅក្នុងប្រទេសអេក្វាទ័រ គឺមិនច្បាស់លាស់ទាំងស្រុងនោះទេ។ លោក Noboa អះអាងថា សមាជិកយោធាអាមេរិក ដែលធ្លាប់មានវត្តមាននៅមូលដ្ឋាន Taura បានចូលរួមតែក្នុងបេសកកម្មជាក់លាក់ប៉ុណ្ណោះ ដូចជាការហោះហើរយន្តហោះដ្រូន ដើម្បីប្រមូលព័ត៌មានស៊ើបការណ៍ ជាដើម។ កាលពីពេលដែល AFP ចេញផ្សាយការស៊ើបអង្កេតខាងលើ ក្រសួងការពារជាតិអាមេរិក បញ្ជាការដ្ឋានយោធាអាមេរិកប្រចាំតំបន់អាមេរិកខាងត្បូង និងកងទ័ពអាកាសអេក្វាទ័រ មិនបានឆ្លើយតបចំពោះសំណើសុំផ្តល់ព័ត៌មានរបស់ AFP ឡើយ៕