ក្រុមហ៊ុន Megaspeed បញ្ជាក់ពីការចាកចេញរបស់អ្នកស្រី Alice Huang ស្របពេលមានការស៊ើបអង្កេតពីអាមេរិក

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Cloud-computing Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសកាលពីថ្ងៃអាទិត្យថា ពាណិជ្ជករជនជាតិចិន អ្នកស្រី Alice Huang បានចាកចេញពីក្រុមហ៊ុនជាផ្លូវការតាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មកម្ល៉េះ ហើយបច្ចុប្បន្នពុំមានតួនាទីអ្វីនៅក្នុងក្រុមហ៊ុនទៀតទេ។ ការប្រកាសនេះធ្វើឡើងស្របពេលដែលក្រុមហ៊ុនកំពុងស្ថិតក្រោមការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុន Megaspeed ដែលជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន Nvidia ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចូលទៅក្នុងការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០២៥ ជុំវិញការសង្ស័យថា ក្រុមហ៊ុននេះបានជួយអតិថិជនចិនឱ្យទទួលបានបន្ទះឈីបកុំព្យូទ័ររបស់ក្រុមហ៊ុន Nvidia ដែលស្ថិតក្រោមការរឹតបន្តឹងការនាំចេញរបស់ទីក្រុងវ៉ាស៊ីនតោន។ ទោះជាយ៉ាងណាក៏ដោយ ភាគីចិនបានបដិសេធចំពោះការចោទប្រកាន់នេះ ហើយមកទល់ពេលនេះ ក៏ពុំទាន់មានការរកឃើញថា ក្រុមហ៊ុន Megaspeed បានរំលោភលើបទប្បញ្ញត្តិណាមួយឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន Megaspeed បានសង្កត់ធ្ងន់ថា ខ្លួនបានធ្វើអាជីវកម្មដោយ «ស្របច្បាប់ និងត្រឹមត្រូវ» ព្រមទាំងបានជួលទីប្រឹក្សាច្បាប់ខាងក្រៅ ដើម្បីធ្វើការស៊ើបអង្កេតផ្ទៃក្នុងយ៉ាងល្អិតល្អន់ផងដែរ។ ក្រុមហ៊ុនបានបន្ថែមថា ប្រតិបត្តិការ និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន ត្រូវបានរៀបចំឡើងដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន រួមទាំងលក្ខខណ្ឌតម្រូវនៃការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុនបន្តប្តេជ្ញាចិត្តក្នុងការរក្សាបាននូវតម្លាភាព និងអនុលោមតាមច្បាប់ជាធរមានទាំងអស់៕