(បរទេស)៖ ប្រទេសចិនកំពុងជំរុញការបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងប្រព័ន្ធអប់រំទូទាំងប្រទេស ដោយមានគោលដៅបណ្តុះបណ្តាលយុវជនជំនាន់ថ្មីឱ្យមានជំនាញប្រើប្រាស់ AI តាំងពីវ័យក្មេង។ នៅសាលា Beijing New Talent Academy ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ឈ្មោះ Peng Gaodi បានប្រើ AI បង្កើតកម្មវិធីជាង ២០០ រួមទាំងប្រព័ន្ធប្រគល់កិច្ចការសាលា និងវេទិកាទិញលក់ទំនិញជជុះ។ លោកបាននិយាយថា «កាលពីមុន ប្រសិនបើខ្ញុំមិនអាចដោះស្រាយបញ្ហាលំហាត់នៅផ្ទះបាន ខ្ញុំត្រូវទូរស័ព្ទទៅគ្រូ ដែលធ្វើឱ្យគ្រូមានការងារកាន់តែច្រើន។ ប៉ុន្តែឥឡូវនេះ ខ្ញុំអាចសួរ AI ឱ្យជួយបង្រៀនខ្ញុំឱ្យកាន់តែយល់បាន។ វាបានជួយបង្កើនប្រសិទ្ធភាពនៃការសិក្សារបស់ខ្ញុំយ៉ាងច្បាស់»។ សាលានេះមានសិស្សជាង ២,០០០នាក់ និងបានបញ្ចូលការសិក្សាអំពី AI មនុស្សយន្ត និងការសរសេរកម្មវិធីទៅក្នុងកម្មវិធីសិក្សាផ្ទាល់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ចិនដែលមានសិស្សកម្រិតបឋម និងមធ្យមសិក្សាជិត ២០០លាននាក់ មានគោលដៅឱ្យសិស្សទាំងអស់មានចំណេះដឹងអំពី AI នៅត្រឹមឆ្នាំ២០៣០។ បច្ចុប្បន្ន ខេត្ត និងក្រុងជិតពាក់កណ្តាលបានដាក់ចេញផែនការបញ្ចូល AI ទៅក្នុងវិស័យអប់រំ ដោយទីក្រុងសៀងហៃកំណត់ឱ្យសិស្សរៀនជំនាញ AI យ៉ាងតិច ៣០ម៉ោងក្នុងមួយឆ្នាំ ខណៈទីក្រុងប៉េកាំងគ្រោងបង្កើតសាលាគំរូប្រើប្រាស់ AI ចំនួន ១០០កន្លែង។ ការប្រើប្រាស់ AI មិនត្រឹមតែផ្តោតលើការបង្រៀន និងសរសេរកូដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទៅដល់ការតាមដានសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សិស្សផងដែរ។ Reuters រកឃើញថា អាជ្ញាធរចិនបានប្តេជ្ញាចំណាយថវិកាយ៉ាងតិច ៣១លានដុល្លារក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ដើម្បីទិញឧបករណ៍ AI សម្រាប់ថ្នាក់រៀន បណ្តុះបណ្តាលគ្រូ និងអភិវឌ្ឍប្រព័ន្ធបង្រៀន។
ទោះជាយ៉ាងណា ការរីកសាយភាយ AI ក្នុងវិស័យអប់រំក៏កំពុងបង្កើតក្តីបារម្ភអំពីផលប៉ះពាល់ដល់សមត្ថភាពគិតដោយឯករាជ្យរបស់កុមារផងដែរ។ ការសិក្សាមួយលើក្មេងជំទង់ចិនជិត ២៧,០០០នាក់ បានរកឃើញថា ការប្រើប្រាស់ AI មានទំនាក់ទំនងនឹងការកើនឡើង ១៨% នៃពិន្ទុកិច្ចការផ្ទះ ប៉ុន្តែពិន្ទុប្រឡងប្រចាំខែបានធ្លាក់ចុះ ២០% ក្នុងរយៈពេល៦ខែ។ ការស្ទង់មតិមួយទៀតលើសិស្សជាង ៣២០,០០០នាក់ ក៏បានបង្ហាញពីក្តីបារម្ភថា ការប្រើ AI ញឹកញាប់អាចធ្វើឱ្យសមត្ថភាពចងចាំ ការយល់ដឹង ការវិភាគ និងការច្នៃប្រឌិតរបស់សិស្សចុះខ្សោយ។ លោក Ted Mo Chen មកពីក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ ClassIn បានព្រមានថា ដំណើរការគិតរបស់កុមារអាចត្រូវបាន «រំលងទាំងស្រុង» ប្រសិនបើសាលារៀនមិនអាចទប់ស្កាត់ការពឹងផ្អែកលើ AI ដើម្បីទទួលបានចម្លើយភ្លាមៗបានទេ។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកអប់រំ និងឪពុកម្តាយមួយចំនួនកំពុងលើកទឹកចិត្តឱ្យកុមារព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯង មុននឹងប្រើ AI ជាជំនួយ។ លោក Peng បាននិយាយថា «ខ្ញុំគិតថា AI គឺជាឧបករណ៍ដែលជួយខ្ញុំ មិនមែនជាអ្វីដែលខ្ញុំត្រូវពឹងផ្អែកលើនោះទេ»។ ចំណែកលោកស្រី Rita Luan ដែលជាម្តាយមានកូនស្រីអាយុ ១១ឆ្នាំ បានកំណត់ឱ្យកូនចំណាយពេល ១៥នាទីព្យាយាមដោះស្រាយលំហាត់គណិតវិទ្យាដោយខ្លួនឯង មុននឹងប្រើ AI ហើយប៉ុន្មានថ្ងៃក្រោយមក ត្រូវដោះស្រាយលំហាត់ដដែលដោយគ្មានជំនួយពី AI។ ការណ៍នេះបង្ហាញថា ខណៈចិនកំពុងប្រជែងឈានមុខគេក្នុងវិស័យ AI ការរក្សាតុល្យភាពរវាងការប្រើប្រាស់បច្ចេកវិទ្យា និងការអភិវឌ្ឍសមត្ថភាពគិតដោយខ្លួនឯងរបស់កុមារ ក៏ជាបញ្ហាសំខាន់ដែលមិនអាចមើលរំលងបានដែរ៕



































