
(ភ្នំពេញ)៖ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦ បានចាប់ផ្តើមនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំធុរកិច្ច និងវិនិយោគិន កម្ពុជា និងបារាំង ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងស្វែងរកឱកាសវិនិយោគថ្មីៗ។
វេទិកានេះបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និសីទ GDT និងសណ្ឋាគារ Raffles Le Royal Phnom Penh។ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលហ្រ្វង់ហ្វូកូនី លើកទី២០។
វេទិកាដ៏សំខាន់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងពាណិជ្ជកម្មទ្វេភាគី និងបង្កើតដៃគូសហប្រតិបត្តិការថ្មីៗរវាងកម្ពុជា បារាំង និងបណ្តាប្រទេសនិយាយភាសាបារាំងដទៃទៀត។ ព្រឹត្តិការណ៍នេះនឹងបើកទំព័រថ្មីមួយសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគ។

ពិធីបើកជាផ្លូវការ នៃវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦ បានប្រព្រឹ្តត្តិទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Éléonore រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅបរទេស។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់ថា ជាមួយច្បាប់វិនិយោគថ្មី និងគោលនយោបាយបើកចំហរ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ការវិនិយោគពីបារាំង ក្នុងវិស័យអាទិភាពដូចជា កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេដ្ឋកិច្ចឌីជីថល។ រាជរដ្ឋាភិបាលប្តេជ្ញាបង្កើតបរិយាកាសវិនិយោគដែលមានតម្លាភាព និងអាចព្យាករណ៍បាន ដើម្បីជំរុញភាពជោគជ័យរួមគ្នា។
លោកស្រី Éléonore រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅបរទេស បានមានប្រសាសន៍ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំងត្រូវបានចាត់ទុកថាមានលក្ខណៈរឹងមាំ និងសំខាន់ ដោយប្រទេសបារាំងបានដើរតួនាទីជាដៃគូដ៏ល្អក្នុងការចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា។ជាមួយគ្នានេះ វត្តមានរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋមកកាន់កម្ពុជា ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនេះផងដែរ ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង។

លោកស្រីបន្តថា សហគ្រាសបារាំងជាច្រើនបានបោះទុនវិនិយោគនៅកម្ពុជា និងបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចគោលដៅទាំងនេះ។ វត្តមានរបស់ជនជាតិបារាំងដែលបានមកតាំងទីលំនៅ និងបង្កើតក្រុមហ៊ុនវិនិយោគនៅកម្ពុជា ក៏បានរួមចំណែកពង្រីកចំណងសេដ្ឋកិច្ចនេះផងដែរ។
កម្មវិធីរយៈពេល២ថ្ងៃនេះ នឹងរួមបញ្ចូលនូវ ការចុះអនុស្សរណៈយោគយល់គ្នា (MOU) និងកិច្ចពិភាក្សាជាច្រើនស្តីពីការផ្លាស់ប្តូរឧស្សាហកម្ម វិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងថាមពល។ ថ្ងៃទី២ នឹងបន្តដោយកិច្ចពិភាក្សាស៊ីជម្រៅអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច បរិយាកាសធុរកិច្ច ច្បាប់ ពន្ធដារ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងគម្រោងធំៗ។ ក្នុងព្រឹត្តិនេះដែរ ក៏មានការតាំងបង្ហាញនូវផលិតផលខ្មែរ ទៅកាន់អ្នកចូលផងដែរ។
វេទិកានេះក៏នឹងមានវគ្គជួបជុំធុរកិច្ច (B2B Sessions) ដើម្បីបើកឱកាសឲ្យក្រុមហ៊ុននានាអាចភ្ជាប់ទំនាក់ទំនងគ្នាដោយផ្ទាល់។ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ នេះរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ការរៀបចំវេទិកាធុរកិច្ចនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ តាមរយៈវេទិកានេះ ធុរជនកម្ពុជា បារាំង និងធុរជនមកពីប្រទេសនិយាយភាសាបារាំងផ្សេងទៀត នឹងមានឱកាសជួបពិភាក្សាគ្នាដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងលទ្ធភាពនៃភាពជាដៃគូ។ នេះជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញសក្តានុពលសេដ្ឋកិច្ច និងគោលនយោបាយវិនិយោគអំណោយផលរបស់ខ្លួន។
យោងតាម លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបារាំង បានឈានដល់ប្រមាណ ១,៧៥ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៥ ដែលជាសញ្ញាវិជ្ជមាន ប៉ុន្តែនៅមានសក្តានុពលច្រើនទៀតសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការ៕


































