សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានាធិបតីបារាំង និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម អញ្ជើញទស្សនាស្តង់មិត្តហ្វូន ក្នុងព្រឹត្តិការណ៍ FrancoTech 2026

(ភ្នំពេញ)៖ ក្នុងឱកាសនៃព្រឹត្តិការណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ FrancoTech 2026 ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទស្សនាស្តង់តាំងបង្ហាញរបស់ក្រុមហ៊ុន មិត្តហ្វូន ដើម្បីស្វែងយល់អំពីផលិតផល សេវាកម្ម និងដំណោះស្រាយបច្ចេកវិទ្យាឌីជីថលដែលក្រុមហ៊ុនកំពុងអភិវឌ្ឍ និងផ្តល់ជូននៅកម្ពុជា។

ក្នុងឱកាសដ៏មានកិត្តិយសនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន មិត្តហ្វូន បានទទួលស្វាគមន៍គណៈប្រតិភូ និងធ្វើបទបង្ហាញអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងណែនាំអំពីផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាដែលកំពុងដាក់ឱ្យប្រើប្រាស់លើទីផ្សារ។ ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសដ៏សំខាន់ដល់មិត្តហ្វូន ក្នុងការបង្ហាញសមត្ថភាពបច្ចេកវិទ្យា និងពង្រឹងការទទួលស្គាល់ម៉ាកយីហោរបស់ខ្លួននៅលើឆាកអន្តរជាតិ។

ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខមួយនៅកម្ពុជា មិត្តហ្វូន បាននិងកំពុងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនពីការផ្តល់សេវាទូរគមនាគមន៍បែបប្រពៃណី ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តល់សេវាកម្ម និងដំណោះស្រាយឌីជីថលចម្រុះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់ប្រជាពលរដ្ឋ សហគ្រាស និងស្ថាប័ននានានៅទូទាំងប្រទេស។

នៅក្នុងព្រឹត្តិការណ៍ FrancoTech 2026 មិត្តហ្វូន បាននាំយកផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាជាច្រើនមកដាក់តាំងបង្ហាញ ដែលគ្របដណ្តប់លើវិស័យទូរគមនាគមន៍ ហិរញ្ញវត្ថុឌីជីថល សុខាភិបាល អប់រំ និងសេវាដឹកជញ្ជូន។ ដំណោះស្រាយទាំងនេះឆ្លុះបញ្ចាំងពីការយកបច្ចេកវិទ្យាមកប្រើប្រាស់ជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាពនៃការតភ្ជាប់ទំនាក់ទំនង សម្រួលដល់ប្រតិបត្តិការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងបង្កើនភាពងាយស្រួលក្នុងការទទួលបានសេវាកម្មចាំបាច់នានា សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម។

ការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាទាំងនេះ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថល។ តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថល មិត្តហ្វូន បន្តចូលរួមគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

Embedding video link [ឯកសារយោងជាវីដេអូ]

ព្រឹត្តិការណ៍ FrancoTech 2026 ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យា អ្នកជំនាញ វិនិយោគិន និងស្ថាប័ននានាមកពីបណ្តាប្រទេសជាច្រើន។ ព្រឹត្តិការណ៍នេះជាវេទិកាដ៏សំខាន់សម្រាប់ការតាំងបង្ហាញនវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងដៃគូជាតិ និងអន្តរជាតិ។

តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ FrancoTech 2026 មិត្តហ្វូន បន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។ វត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅស្តង់មិត្តហ្វូន ក៏ជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់ការទទួលស្គាល់ម៉ាកយីហោមិត្តហ្វូន និងបង្ហាញសមត្ថភាពបច្ចេកវិទ្យារបស់សម្ព័ន្ធក្រុមហ៊ុន Viettel នៅលើឆាកអន្តរជាតិ ខណៈដែលក្រុមហ៊ុនបន្តរួមចំណែកជំរុញការអភិវឌ្ឍឌីជីថលនៅកម្ពុជា៕