នាយករដ្ឋមន្ត្រីចិន លើកសរសើរទំនាក់ទំនងជាមួយអាស៊ាន មុនការមកដល់របស់លោក ត្រាំ

(ម៉ានីល)៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នាថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកសរសើរអ្វីដែលលោកហៅថា «សមិទ្ធផលអស្ចារ្យរបស់ចិន និងតំបន់អាស៊ីអាគ្នេយ៍» ចំពោះមុខការរឹតបន្តឹងពាណិជ្ជកម្មជាសកល ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ទីក្រុងប៉េកាំង ចំពោះគោលការណ៍ពាណិជ្ជកម្មសេរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ាន មុនការធ្វើដំណើរមកដល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំជាមួយមេដឹកនាំក្នុងតំបន់ អំឡុងកិច្ចប្រជុំកំពូលរបស់អាស៊ាន នៅទីក្រុងម៉ានីល លោក Li បានលើកឡើងថា ទោះពិភពលោកកំពុងប្រឈមនឹងនិន្នាការឯកតោភាគីនិយម និងគាំពារនិយមកាន់តែខ្លាំង បូករួមជម្លោះភូមិសាស្ត្រនយោបាយកើតឡើងជាបន្តបន្ទាប់ក៏ដោយ ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិននិងអាស៊ាន នៅតែត្រូវបានពង្រឹងបន្ថែម។

លោកនាយករដ្ឋមន្រ្តីចិន បានថ្លែងដូច្នេះថា «រយៈពេល៥ឆ្នាំកន្លងមកនេះ ពិតជាពិសេសអស្ចារ្យណាស់ ហើយសមិទ្ធផលដែលយើងសម្រេចបាន មិនមែនកើតឡើងដោយងាយស្រួលនោះទេ»។ លោកបានលើកឡើងថា ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងចិន និងបណ្ដាប្រទេសក្នុងប្លុកអាស៊ាន កាលពីឆ្នាំមុន មានចំនួនលើស១ទ្រីលានដុល្លារ ខណៈទុនវិនិយោគទ្វេភាគីសរុបមានចំនួនលើសពី ៥០០ពាន់លានដុល្លារ។ លោក Li បន្តថា «យើងនៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារពហុភាគីនិយម និងជំរុញពាណិជ្ជកម្មសេរី ព្រមទាំងខិតខំពង្រីកទំហំផលប្រយោជន៍រួម»។ តាមសេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ស្តីអំពីសុន្ទរកថារបស់លោកក្នុងកិច្ចប្រជុំបិទទ្វារខាងលើ លោក Li បានថ្លែងដែរថា ក្នុងពិភពលោកមួយដែលកំពុងមានភាពចលាចលនាពេលបច្ចុប្បន្ន «វាកាន់តែមានសារសំខាន់សម្រាប់ចិននិងអាស៊ានក្នុងការរួបរួមគ្នា ទប់ស្កាត់ការជ្រៀតជ្រែក និងធ្វើការរួមគ្នា»។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន និងជាប្រភពវិនិយោគដ៏សំខាន់បំផុតមួយ។ ប៉ុន្តែបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗជាងគេក្នុងប្លុកនេះ ដែលមានផលិតផលក្នុងស្រុកសរុប (GDP) រួមគ្នាលើសពី៣,៩ទ្រីលានដុល្លារ កំពុងស្វែងរកការពង្រីកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ចំពេលមានភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្មនិងការទូត ក្រោមរដ្ឋបាលលោក ត្រាំ។

លោក ត្រាំ គ្រោងនឹងមកដល់ទីក្រុងម៉ានីលនៅថ្ងៃអង្គារ ជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍កិច្ចប្រជុំកំពូលនេះ មុនបន្តដំណើរទៅចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Shenzhen នៃប្រទេសចិន ជាទីដែលកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងរៀបចំឡើង។

គួរបញ្ជាក់ថា នៅទីក្រុងម៉ានីល លោក ត្រាំ ត្រូវបានរំពឹងថា នឹងជួបជាមួយបណ្តាមេដឹកនាំអាស៊ាន ហើយចូលរួមកិច្ចប្រជុំលើកដំបូងរបស់លោក ជាមួយក្រុមប្រទេស Quad ដែលរួមមានមហាអំណាចក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកចំនួន៤ គឺសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ វាជាកិច្ចប្រជុំលើកដំបូងរបស់ក្រុម Quad គិតក្នុងរយៈពេលពីរឆ្នាំមកនេះ។ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានចូលរួមកិច្ចប្រជុំរបស់ក្រុមនេះ សរុបចំនួន៦លើក។ ក្រុម Quad ត្រូវបានគេមើលឃើញជាទូទៅថា ជាប្លុកមួយមានគោលដៅទប់ទល់ឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់ ទោះបីជាសមាជិករបស់ក្រុមនេះ បានអះអាងថា ប្លុករបស់ខ្លួនមិនមានគោលដៅប្រឆាំងនឹងប្រទេសណាមួយជាក់លាក់ក៏ដោយ៕